Monday, October 10, 2022

មាសដាំក្បាលចុះម្ដងទៀតហើយ! នេះជាកំហុស៦យ៉ាង ដែលមនុស្សតែងបង្កើត ពេលសម្រេចចិត្តទិញមាស


របាយការណ៍ពីគេហទំព័រ Gold Price បានឱ្យដឹងថា តម្លៃរបស់មាសកំពុងបន្តធ្លាក់ចុះជាខ្លាំង ខណៈនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ វាមានតម្លៃត្រឹមតែ ១,៦៦២ដុល្លារក្នុងមួយអោន (មួយតម្លឹង ២,០០២ដុល្លារ)​ តែប៉ុណ្ណោះ។

Screenshot 2022 10 11 092135

ទន្ទឹមនឹងនោះគេហទំព័រ The Smart Investor បានចុះផ្សាយអំពី កំហុស៦យ៉ាង ដែលមនុស្សតែងបង្កើតពេលសម្រេចចិត្តទិញមាស។ កំហុស៦យ៉ាងនោះរួមមាន៖

១. មិនយល់ពីអ្វីដែលខ្លួនកំពុងទិញ

មនុស្សខ្លះទិញមាស ទាំងខ្លួនឯងមិនយល់អំពីវត្ថុនេះទាល់តែសោះ​ ជួនកាលមិនដឹងសូម្បីតែ តម្លៃលើទីផ្សារ មិនដឹងពីរបៀបដែលអ្នកលក់ថ្លឹងមាស មិនដឹងពីរបៀបមើលថាមាសសុទ្ធឬអត់។ ក្នុងករណីមិនដឹងអ្វីសោះបែបនេះ អាចធ្វើឱ្យអ្នកងាយនឹងត្រូវគេបោកប្រាស់ ឬកេងចំណេញលុយកាក់ ជួនកាលគេចេះតែកុហកៗទៅថាមាសនេះសុទ្ធទាំងដែលវាមិនសុទ្ធផង។

២. ទិញតម្លៃទាប  

កុំត្រេកអរពេលដែលអ្នកទិញមាសបានធូរថ្លៃជាងគេ ឃើញគេទិញ១តម្លឹង ២ពាន់ដុល្លារ តែអ្នកទិញអស់តែ ១,៥០០ដុល្លារ កុំច្រឡំត្រេកអរអី។ ព្រោះថាតម្លៃមាសត្រូវបានកំណត់ដោយទីផ្សារសកល បើមានអ្នកណាលក់មាសឱ្យអ្នកក្នុងតម្លៃទាបជាងទីផ្សារ ឬខ្ពស់លើសទីផ្សារ ក្នុងករណីនេះអាចជាមុខសញ្ញាត្រូវគេបោកប្រាស់ហើយ។

៣. ទិញពេលមាសឡើងថ្លៃ

បើតាមច្បាប់ផ្គត់ផ្គង់ និងតម្រូវការបានបញ្ជាក់ថា​ ទំនិញមួយនឹងឡើងថ្លៃប្រសិនបើតម្រូវការទិញកើនឡើង ហើយវានឹងចុះថោកពេលដែលបរិមាណផ្គត់ផ្គង់លើសតម្រូវការ។ ដូច្នេះត្រង់ចំណុចនេះមានន័យថា ពេលឃើញគេបាក់ទៅទិញមាស ព្រោះតែមាសកំពុងធ្លាក់ថ្លៃ អ្នកគួរតែពិនិត្យតម្លៃទីផ្សារសិន មុនពេលរត់ទៅទិញតាមគេ។ ប្រសិនបើអ្នកមិនមើលឱ្យបានច្បាស់ទេ អាចនឹងទិញចំពេលវាឡើងថ្លៃវិញមិនខានឡើយ។

៤. ចាញ់បោកគេទៅវិនិយោគលើកាក់ ដែលគេសន្មតតម្លៃស្មើមាស

សង្គមបច្ចុប្បន្ននេះសម្បូរទៅដោយការបោកបន្លំ បើអ្នកមិនឆ្លាតទេអាចនឹងដើរចូលអន្ទាក់គេដោយមិនខ្លួនមិនខានឡើយ។ ដូច្នេះត្រង់នេះមានន័យថា អ្នកត្រូវប្រាកដថាអ្នកចំណាយលុយទៅបានរបស់មកទុកនៅនឹងខ្លួនវិញ កុំជឿពាក្យគេដែលមកបន្លំថា មានការវិនិយោគដែលគិតតម្លៃដូចទីផ្សារមាស គ្រាន់តែអ្នកដាក់លុយទៅ ទិញហ៊ុននោះទុក ពេលមាសឡើងអ្នកអាចលក់យកចំណេញបាន។

៥. ទិញដោយមិនស្គាល់អ្នកលក់

កុំទិញបើអ្នកមិនស្គាល់អ្នកលក់ មិនទាំងដឹងគេជាមនុស្សបែបណា មានប្រវត្តិរកស៊ីបែបណាពីមុនមក អ្នកធ្វើម្ដេចនឹងអាចទុកចិត្តគេបានទៅ។ ហេតុនេះហើយមុននឹងសម្រេចចិត្តទិញមាស គួរតែស្គាល់អ្នកលក់ឱ្យបានច្បាស់ជាមុនសិន ដើម្បីជៀសវាងការកេងបន្លំ និងការបោកប្រាស់។

៦. ចែករំលែកការទិញឱ្យអ្នកផ្សេងដឹង

វាមិនមែនជារឿងចាំបាច់ទេ​ដែលអ្នកត្រូវទៅនិយាយចែករំលែកឱ្យអ្នកដទៃដឹងថាអ្នកបានទិញទ្រព្យរបស់អ្វីមួយ។ ក្នុងនោះវាកាន់តែមិនល្អទៅទៀត បើអ្នកផុសនៅលើបណ្ដាញសង្គមជាសាធារណៈអំពីទ្រព្យរបស់អ្នក។ ព្រោះមនុស្សជុំវិញខ្លួនជាច្រើនមិនប្រាកដថាគេសុទ្ធតែស្រលាញ់ចូលចិត្តអ្នក ឬពេញចិត្តភាពមានបានរបស់អ្នកឡើយ អាចនឹងមានអ្នកណាស្អប់អ្នក ហើយមកបំផ្លាញអ្នកក៏ថាបាន។

No comments:

Post a Comment

Funny, Crazy, Hilarious Auditions | America's Got Talent

Funny, Crazy, Hilarious Auditions | America's Got Talent Loved the peanut allergy joke, and Sophia's act with the sword swallower, g...